Star

Blogger Widgets Blogspot Tutorial

Wednesday, April 29, 2015

លោក​ រស់ ម៉ៅ កសិករ​គំរូ ណែនាំ​ពី​ការធ្វើ​កសិកម្ម​តាម​បែប​ធម្មជាតិ

កសិដ្ឋាន​របស់​លោក រស់ ម៉ៅ កសិករ​គំរូ។​
កសិដ្ឋាន​របស់​លោក រស់ ម៉ៅ កសិករ​គំរូ។​ ហុង មិនា

លោក​ រស់ ម៉ៅ កសិករ​គំរូ ណែនាំ​ពី​ការធ្វើ​កសិកម្ម​តាម​បែប​ធម្មជាតិ

ស្ថិត​នៅក្នុង​ភូមិ​ចោមពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក​ រស់ ម៉ៅ ត្រូវ​បាន​គេ​ផ្តល់​ងារ​ថា​ជា​កសិករ​គំរូ​ម្នាក់​។
មាន​ងារ​ជា​កសិករ​គំរូ ក៏​ដោយសារ​តែ​លោក​ រស់ ម៉ៅ មាន​គំនិត​ច្នៃប្រឌិត និង​មាន​វិធីសាស្ត្រ​ល្អៗ​ក្នុង​ការធ្វើ​កសិកម្ម​។ គំនិត​ច្នៃប្រឌិត​របស់​គាត់ រួមមាន​ទាំង​ការចិញ្ចឹម​​សត្វ​ផង ដាំដំណាំ​ផង ជំនាញ​ធ្វើ​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត​បែប​ធម្មជាតិ​ផង​ដែរ​។ អ្វី​ដែល​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត​​នោះ គឺ​បន្ទាប់ពី​លោក​រៀន​ចេះ​ជំនាញ​​ទាំងនោះ ជីវភាព​គ្រួសារ​របស់​លោក បាន​កែប្រែ​ស្ទើរតែ​ទាំងស្រុង​។
Content image - Phnom Penh Post
ការចិញ្ចឹម​មាន់ទា
គ្រាន់តែ​ឈាន​ជើង​ចូល​ក្នុង​បរិវេណ​ដី​របស់​លោក រស់ ម៉ៅ​ ភ្លាម​គេ​ឃើញ​មាន​រោង​ធ្វើ​ពី​ឫស្សី​ឲ្យ​ខ្ពស់​ផុតពី​ដី​ដែល​លោក​ម៉ៅ​ធ្វើ​ ឡើង​សម្រាប់​ចិញ្ចឹម​មាន់ ទា​របស់​គាត់​។ លោក​ថា ការធ្វើ​ដូចនេះ គឺ​ដើម្បី​កុំ​ឲ្យ​មាន់ ទា មក​បំផ្លាញ​ដំណាំ​របស់​គាត់ ហើយ​គាត់ អាច​ដាំដំណាំ​ក៏​បាន ចិញ្ចឹម​មាន់ទា​ក៏​បាន​។
ការប្រើប្រាស់​ទឹក ចិញ្ចឹម​ត្រី និង​ដាំ​បន្លែ
ក្រៅពី​វិធីសាស្ត្រ​ចិញ្ចឹម​មាន់ និង​ដាំ​បន្លែ លោក​ ម៉ៅ​ ក៏​មាន​វិធីសាស្ត្រ​ល្អ​ផង​ដែរ​ក្នុង​ការប្រើប្រាស់​ទឹក​។ ដោយសារ​តែ​តំបន់​ដែល​​គាត់​រស់នៅ​មិន​មាន​ប្រភព​ទឹក​ដូចជា​ស្ទឹង ឬ​ទន្លេ​នោះ គាត់​បាន​ប្រើ​ទឹកអណ្តូង​​ដើម្បី​ស្រោចស្រព​ដំណាំ​របស់​គាត់​។ ដោយសារ​ទឹកអណ្តូង​មាន​ជាតិ​អាស៊ីត​ច្រើន មុន​នឹង​យក​ទឹក​នោះ​មក​ស្រោចស្រព​ដំណាំ លោក​បាន​បូម​ទឹក​នោះ​ដាក់​ក្នុង​កូន​ប្រឡាយ​តូចៗ​នៅ​ជុំវិញ​ផ្ទះ​ជា​មុន​សិន ដែល​ក្នុង​ប្រឡាយ​នោះ លោក​ក៏​បាន​ចិញ្ចឹម​​ត្រី​ផង​ដែរ​។ ក្នុង​ប្រឡាយ​នោះ​ទៀត​សោត លោក​បាន​ដាក់​ដើម​ទន្ទ្រាន​ខេត្ត និង​លាមក​គោ ដើម្បី​បង្កើត​ប្លង់តុង​ជា​ចំណី​ត្រី ហើយ​ទឹក​ប្រឡាយ​នោះ លោក​ក៏​បាន​យក​វា​ទៅ​ស្រោច​ដំណាំ​ផង​ដែរ​។

Content image - Phnom Penh Post
ដើម្បី​កាត់បន្ថយ​បរិមាណ​ទឹក​ដែល​ប្រើប្រាស់​ដើម្បី​ស្រោច​បន្លែ​បង្ការ និង​ដើម្បី​រក្សា​ទឹក​ទុក​បាន​យូរ​ផង លោក​ រស់ ម៉ៅ បាន​ដាក់​ដប​ទឹកសុទ្ធ ឬ​ដប​ទឹកក្រូច​ដែល​កាត់​គូទ​ហើយ បិទ​គ្រប​ជិត ចោះ​រន្ធ​តូចៗ​សម្រាប់​ឲ្យ​ទឹក​ហូរ​ចេញ​បាន ដាក់​ក្នុង​បាវ​ស៊ីម៉ង់​ដែល​ប្រើ​សម្រាប់​ដាំដំណាំ​ទាំងនោះ​។
លោក​ រស់ ម៉ៅ បាន​ពោល​ថា ការដាំ​ដំណាំ​បែប​នេះ វា​សមស្រប​ទៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។ គេ​អាច​ដាំ​វា​នៅ​ក្រោម​ដើមឈើ​ធំៗ​ក៏​បាន​។ នៅពេល​ទឹក​ឡើង​នៅ​តាម​តំបន់​មួយ​ចំនួន គេ​អាច​លើក​ដាក់​មក​លើ​បាន​។ ស្រប​គ្នា​នេះ​ដែរ លោក​ណែនាំ​កសិករ​ឲ្យ​ដាំ​បន្លែ​មាន​លក្ខណៈ​ចម្រុះ​​គ្នា​ឲ្យ​បាន​ច្រើន​ ប្រភេទ ព្រោះ​ថា​នៅពេល​ដែល​​​ដាំ​បន្លែ​តែ​មួយ​មុខ សត្វល្អិត​នឹង​បំផ្លាញ​ច្រើន​។ លោក​ថា លោក​មិន​ប្រើ​ជី និង​ថ្នាំ​ពុលគីមី​ជា​ដាច់ខាត ព្រោះ​លោក​ប្រើ​ជីកំប៉ុស និង​ថ្នាំពុល​ដែល​ផ្សំ​ពី​ធម្មជាតិ​។
កសិករ​ដែល​បាន​កសាង​កិត្តិយស​ដោយសារ​តែ​សេចក្តី​ឧស្សាហ៍​ព្យាយាម តស៊ូ និង​គំនិត​ច្នៃប្រឌិត​រូប​នេះ​បាន​ប្រាប់​ថា គាត់​រៀន​ជំនាញ​ធ្វើ​កសិកម្ម​បែប​ធម្មជាតិ​នេះ​តាមរយៈ​អង្គការ​សេដាក​ នៅក្នុង​ឆ្នាំ​ ២០០១ នៅពេល​ដែល​លោក​បាន​ចូលរួម​សិក្ខាសាលា ក៏​ដូចជា​ចុះ​កម្មសិក្សា​នៅ​កន្លែង​​ផ្សេងៗ​ជាច្រើន​។ បន្ទាប់ពី​នោះ​មក លោក​បាន​យក​ចំណេះដឹង​ដែល​ខ្លួន​បាន​រៀន​គួបផ្សំ​នឹង​បទពិសោធ​របស់​កសិករ​ដទៃ ​ទៀត មក​ផ្គុំ​បញ្ចូល​គ្នា​ដើម្បី​បានជា​គំនិត​ថ្មីៗ​ទាក់ទង​នឹង​កសិកម្ម​។
Content image - Phnom Penh Post
លោក​ រស់ ម៉ៅ ពោល​ថា ពេល​ខ្លះ​គាត់​សង្កេត​មើល​ពី​ធម្មជាតិ​នៅ​ជុំវិញ​ខ្លួន ដើម្បី​ទទួល​បាន​គំនិត​ថ្មី​ណា​មួយ​។ លោក​បាន​លើក​ជា​ឧទាហរណ៍​ជាក់ស្តែង​ថា ដំណាំ​មួយ​ចំនួន​នៅពេល​មាន​សត្វអង្ក្រង​រស់នៅ​មិន​សូវ​មាន​សត្វល្អិត​ចង្រៃ​ ណា​មួយ​រស់នៅ​ទេ ហើយ​ដំណាំ​នោះ​ក៏​ល្អ ព្រោះ​គ្មាន​សត្វល្អិត​មក​បំផ្លាញ​។ ដោយ​ឃើញ​ដូចនេះ លោក​ក៏​បាន​យក​អង្ក្រង​មក​ដាក់​នៅលើ​ដំណាំ​មួយ​ចំនួន​របស់​លោក ដូចជា​សណ្តែកកួរ​ជាដើម​។ លោក​ថា វា​ពិតជា​មាន​ប្រសិទ្ធភាព​មែន​។
គំនិត​ថ្មី​ដែល​លោក​បាន​រកឃើញ​នេះ ត្រូវ​បាន​អ្នកស្រាវជ្រាវ​ផ្នែក​កសិកម្ម​ជនជាតិ​បារាំង​យក​ទៅ​បង្ហាញ​ឲ្យ​ កសិករ​វៀតណាម​​យក​ទៅ​ប្រើប្រាស់​ផង​ដែរ​។
ការចែករំលែក​ចំណេះដឹង
បុរស​សម្បុរ​ខ្មៅស្រអែម វ័យ​ ៥៦ ​ឆ្នាំ​រូប​នេះ​បាន​ចែករំលែក​បច្ចេកទេស​ធ្វើ​កសិកម្ម​តាម​លក្ខណៈ​ធម្មជាតិ​ ប្រកប​ដោយ​​ប្រសិទ្ធភាព​ដូចតទៅ​នេះ​៖
Content image - Phnom Penh Post
១) វិធី​ធ្វើ​ជីកំប៉ុស​គោក
យក​ដី​ស្រទាប់​លើ​ (​ដីមមោក​) ​ដែល​មាន​ជីវជាតិ ហើយ​ដែល​អាច​រក​បាន​នៅ​ក្រោម​ដើមឈើ ឬ​ដី​បាតស្ទឹង បាត​ទន្លេ​ក្នុង​បរិមាណ​ ៧ (​រង្វាស់រង្វាល់​ផ្សេងៗ) ​ទៅ​លាយ​ជាមួយ​​លាមក​សត្វ​ ៣ (​រង្វាស់​រង្វាល់​ផ្សេងៗ) ​ទុក​មួយ​អន្លឺ​។ បន្ទាប់មក​យក​ស្លឹកឈើ​ងាប់ និង​ស្លឹកឈើ​ស្រស់​ដែល​បាន​ចិញ្ច្រាំ​ហើយ​និង​របស់​រលួយ​ផ្សេងៗ​មក​លាយ​ឲ្យ​ សព្វ​ជាមួយ​លាមក​សត្វ និង​ដីមមោក​នោះ​ក្នុង​បរិមាណ​លាមក​សត្វ និង​ដីមមោក​ ១ ​ភាគ ហើយ​នឹង​ស្លឹកឈើ​ទាំងនោះ​ ២ ​ភាគ ច្រក​ចូល​​បាវ​រួច​ចាក់​ទឹក​លាយ​ស្ករត្នោត​ចំនួន​ ៣ ​លីត្រ​ចូល​ក្នុង​បាវ​នីមួយៗ​រួច​ដេរ​ទុក​ក្នុង​រយៈពេល​ ២៥ ​ថ្ងៃ​ទើប​អាច​ប្រើ​បាន​។ ស្ករត្នោត​មួយ​លីត្រ​ត្រូវ​លាយ​ទឹក​ ៥០ ​លីត្រ​។ តាម​ការបញ្ជាក់​របស់​លោក​ រស់ ម៉ៅ គុណភាព​​​របស់​ជី​នេះ​ ១០ ​បាវ​ស្មើ​នឹង​ជីគីមី​ ១ ​បាវ​។ ក្នុង​មួយ​ថ្ងៃ កសិករ​អាច​ធ្វើ​ជី​នេះ​ជា​មធ្យម​ពី​ ១០ ទៅ​ ២០ ​បាវ​បាន​។
២) ​វិធី​ធ្វើ​ថ្នាំ​សម្លាប់​សត្វ​ក្រា
យក​ខ្ទឹមស​ ២ ​ខាំ​បុក​ឲ្យ​ម៉ដ្ត​​លាយ​ជាមួយ​នឹង ប្រេងកាត ឬ​ប្រេងឆា​មួយ​កូន​កែវ​តូច​រួច​កូរ​ឲ្យ​សព្វ ហើយ​ទុក​មួយ​យប់​មួយ​ថ្ងៃ​អាច​ប្រើ​បាន​ហើយ​។ យក​ក្រណាត់​មក​ពូត​យក​ខ្ទឹម​ចេញ​ហើយ​លាយ​ជាមួយ​ទឹក​មួយ​លីត្រ​។ សម្រាប់​ដំណាំ​ហូប​ផ្លែ​ធំៗ​យក​ទឹក​មួយ​លីត្រ​នេះ​ទៅ​លាយ​ជាមួយ​សាប៊ូ​ ១ ​ស្លាបព្រា​បាយ​ហើយ​យក​ទៅ​បាញ់​ទៅលើ​ដំណាំ​នោះ​ជា​ការស្រេច​។ សម្រាប់​ដំណាំ​តូចៗ​យក​ទឹក​ ១ ​លីត្រ​នេះ​ទៅ​លាយ​ជាមួយ​ទឹក​ ៥ ​លីត្រ​ទៀត ហើយ​លាយ​ជាមួយ​សាប៊ូ​ ១ ​ស្លាព្រា​បាយ​ដូចគ្នា​ហើយ​អាច​យក​ទៅ​បាញ់​ដំណាំ​ទាំងនោះ​បាន​ហើយ​។
៣) វិធី​ធ្វើ​ថ្នាំ​សម្លាប់​សត្វល្អិត​ទូទៅ
យក​ខ្ទឹមស​ ២ ​ខាំ រមៀត​ ២ ​ខាំ ម្ទេស​ទុំ​ ២ ​ខាំ លាមក​គោ​ស្រស់​ ១ ​គីឡូក្រាម ទឹកនោម​​ ៥ ​លីត្រ ទឹក​ធម្មតា​ ៥ ​លីត្រ និង​សម្បក​ស្តៅ​ ១ ​គីឡូក្រាម​យក​មក​បុក​លាយ​បញ្ចូល​គ្នា​ទុក​ ១៥ ​ថ្ងៃ​ទើប​ប្រើ​បាន​។ ចំពោះ​វិធី​ប្រើ​ក្នុង​ការសម្លាប់​សត្វ​ដង្កូវ​មូរ​ដើម​មូរស្លឹក យក​ទឹកថ្នាំ​នេះ​មួយ​លីត្រ​ទៅ​លាយ​ជាមួយ​ទឹក​ ៣ ​លីត្រ​រួច​ទើប​យក​ទៅ​បាញ់​។ ចំពោះ​សត្វចៃ និង​ត្អើក​​ជាដើម​គ្រាន់តែ​លាយ​បន្ថែម​នូវ​សាប៊ូ​ចំនួន​ ១ ​ស្លាបព្រា​បាន​ប៉ុណ្ណោះ​។ ចំពោះ​សត្វ​ទិច​មាន​ដូចជា​ដួង​ជាដើម ត្រូវ​យក​ទឹកថ្នាំ​នោះ​មួយ​លីត្រ​លាយ​ជាមួយ​ទឹក​ ៣ ​លីត្រ​ហើយ​លាយ​ជាមួយ​ស្លឹក​ក្រូចសើច​ ១ ​ខាំ​ដែល​បុក​ម៉ដ្ត​។ ចំពោះ​សត្វ​ដួង​យើង​ត្រូវ​ចោះរន្ធ​ហើយ​យក​សឺរ៉ាំង​បាញ់​ថ្នាំ​ពុល​នេះ​ បញ្ចូល​ក្រោយមក​យក​ដីដំបូក​ ឬ​លាមក​គោ​ស្រស់​មក​ប៉ាត​ពី​លើ​រន្ធ​វិញ​ជា​ការស្រេច​។
៤) វិធី​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ
ត្រូវ​លើក​ភ្លឺ​សង​ខាង​ឲ្យ​បាន​កម្ពស់​មួយ​ម៉ែត្រ ហើយ​ត្រូវ​មាន​ជីក​ប្រព័ន្ធ​ប្រឡាយ​តូចៗ​និង​ស្រះទឹក​តូច​មួយ​។ ត្រី​អាច​ដាក់​មុន​ស្ទូង​មួយ​អាទិត្យ ឬ​ក្រោយ​ពី​ស្ទូង​ហើយ​​​មួយ​អាទិត្យ​។ ត្រី​ទាំងនោះ​មិន​ត្រូវ​ការផ្ដល់​ចំណី​ទេ ព្រោះ​វា​ស៊ី​សត្វល្អិត​ដែល​បំផ្លាញ​ស្រូវ​ហើយ​នឹង​សំណក​ស្រូវ​ដែល​រលួយ​។ នៅពេល​ដែល​ប្រមូលផល​ស្រូវ កសិករ​នឹង​ប្រមូលផល​ត្រី​ដែរ​។ ត្រី​ដែល​ប្រជាកសិករ​​ចិញ្ចឹម​ជាទូទៅ​មាន​ត្រី​ទីឡាបយ៉ា និង​ត្រីឆ្ពិន​។
ជំនាញ​កសិកម្ម​ធ្វើឲ្យ​ជីវភាព​គ្រួសារ​ប្រែប្រួល
ដោយសារ​តែ​ជំនាញ​ទាំងនេះ​ហើយ​ទើប​ធ្វើឲ្យ​ជីវភាព​គ្រួសារ​របស់​លោក​ ប្រែប្រួល​ជា​ខ្លាំង​។ និយាយ​ទាំង​អួលដើមក លោក រស់ ម៉ៅ រំឭក​ពី​អតីតកាល​មុនពេល​ដែល​លោក​បាន​ចេះ និង​រៀន​ជំនាញ​កសិកម្ម​ពី​អង្គការ​សេដាក​ថា​៖ «​មុន​នឹង​ចូល​អង្គការ​សេដាក​ហ្នឹង បើ​និយាយ​ពី​ស្រុក​នេះ គឺ​ខ្ញុំ​ក្រ​ជាង​គេ ក្រ​ហើយ​ទាល់​ទៀត​។ [...]​ទម្លាប់​ចាស់​ពី​មុន​មក​គឺ​ខ្ញុំ​ធ្វើ​ស្រូវ​មួយ​ឆ្នាំ​ហូប​ខ្វះ​ដល់​ ទៅ​ ៤ ​ខែ​។ ក្រៅពី​ហូប​ខ្វះ​ហ្នឹង​គ្មាន​អី​ក្រៅពី​ធ្វើ​ចំណាកស្រុក​លក់​កម្លាំង​ពលកម្ម ​ទេ​។ និយាយ​ទៅ ខ្ញុំ​ធ្វើ​ម៉ាចប់​ទាំងអស់ តាំងពី​ធាក់​ស៊ីក្លូ ចុះអូរ ឡើង​ភ្នំ​កាប់ឈើ ធ្វើ​សំណង់​អី​អស់​ហើយ ដើម្បី​ជីវភាព​ហើយ​នៅ​តែ​មិន​គ្រប់គ្រាន់​ទៀត​»​។
លោក​បន្ត​ថា​៖ «​តែ​បច្ចុប្បន្ន​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ធូរធារ​ច្រើន​ដោយសារ​តែ​ការលក់ ផលដំណាំ និង​ចំណេះដឹង​ដែល​មាន ព្រោះ​ខ្ញុំ​ត្រូវ​បាន​អង្គការ​នានា​អញ្ជើញ​ឲ្យ​ទៅ​បង្រៀន​កសិករ​ដទៃ​ទៀត​រក ​តែ​ពេល​សម្រាក​គ្មាន​»​។
លោក​ រស់ ម៉ៅ បាន​បន្ត​ទៀត​ថា ចំពោះ​​ទីផ្សារ​សម្រាប់​លក់​ដំណាំ ក៏​ដូចជា​សត្វមាន់ទា​កាលពី​មុន គឺ​យក​ទៅ​ផ្គត់ផ្គង់​ឲ្យ​ផ្សារ​របស់​អង្គការ​សេដាក តែ​ពេល​នេះ​លោក​ថា លោក​មិន​ចាំបាច់​យក​ទៅ​លក់​ឲ្យ​អង្គការ​សេដាក​ទេ​ព្រោះ​ថា មាន​អ្នក​មក​ទិញ​ដល់ៗ​ផ្ទះ​។ ដោយសារ​ជំនាញ​នេះ លោក​មាន​លទ្ធភាព​បញ្ជូន​កូនប្រុស​ម្នាក់​របស់​លោក​ឲ្យ​រៀន​ផ្នែក​កសិកម្ម​ អភិវឌ្ឍន៍​ជនបទ​នៅ​សាកលវិទ្យាល័យ​ផង​ដែរ​។
ជា​ចុងក្រោយ​លោក​ រស់ ម៉ៅ បាន​សំណូមពរ​ឲ្យ​ប្រជាកសិករ​ងាក​មក​ចាប់​អារម្មណ៍​ប្រើ​ជីធម្មជាតិ និង​ថ្នាំពុល​ដែល​ផលិត​តាម​បែប​ធម្មជាតិ​វិញ​ព្រោះ​ថា ការប្រើប្រាស់​ជី និង​ថ្នាំពុល​ដែល​មាន​ជាតិ​គីមី បាន​បំផ្លាញ​គុណភាព​ដី និង​សត្វ​ដែល​មាន​ប្រយោជន៍ ដែល​វា​មាន​ផលប៉ះពាល់​ដល់​​ក្មេង​ជំនាន់​ក្រោយ​ដែល​គ្នា​មិន​ដឹង​អ្វី​សោះ​។
លោក​ថា កសិករ​ខ្លះ​ធ្វើ​ស្រែ​ខាត​ព្រោះ​តែ​ពួកគាត់​បាន​ចំណាយ​លុយ​ច្រើន​ក្នុង​ ការទិញ​​របស់​ទាំងនេះ​។ លោក​ រស់ ម៉ៅ និយាយ​ផង​សើច​ផង​ថា​៖ «​យើង​ទិញ​គេ​ ៤ ទី​ ១ ​ទិញ​ពូជ ទី​ ២ ​ទិញ​ជីគីមី ទី​ ៣ ​ទិញ​ថ្នាំពុល ដល់​ពេល​ទី​ ៤ ​ចុងក្រោយ​ទិញ​ថ្នាំពេទ្យ​»៕

No comments:

Post a Comment