មានបុគ្គលជោគជ័យច្រើននាក់ណាស់
ដែលតែងតែស្វែងរកគំនិតល្អៗ
និងមានសុទិដ្ឋិនិយមរបស់អ្នកដទៃមកដាស់សតិអារម្មណ៍របស់ខ្លួនឯង
និងធ្វើជាគន្លឹះសម្រាប់ដោះស្រាយបញ្ហាផ្សេងៗ។
ដូច្នេះហើយទើបបាជានពួកគេរមែងស្វែងរកបាននូវការជំរុញទឹកចិត្តល្អៗពីបុគ្គលជោគជ័យ
ដើម្បីធ្វើជាគ្រឿងផ្សំដាស់អារម្មណ៍ពីភាពល្ងង់ខ្លៅទៅជាភាពវៃឆ្លាត
ឬពីបុគ្គលបរាជ័យទៅជាបុគ្គលជោគជ័យ។ នៅខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជា
នឹងធ្វើការបកស្រាយខ្លះៗលើសម្តីលើកឡើងរបស់មហាសេដ្ឋីចិនលោក Jack Ma
ដែលជាស្ថានិករបស់ក្រុមហ៊ុន Alibaba
ថាតើមានអ្វីខ្លះដែលបានលើកទឹកចិត្តលោកឲ្យទទួលបាននូវភាពជោគជ័យដូចពេលបច្ចុប្បន្ន៖
១. ទទួលការបដិសេធ តែមិនទទួលការបរាជ័យ៖
ក្តីបំណងរបស់មនុស្សគ្រប់រូបសំរេចទៅបានរមែងតែងតែត្រូវការ
ការពឹងពាក់ពីអ្នកដទៃ
តែការពឹងពាក់ទាំងនោះរមែងតែងទទួលបានការបដិសេធច្រើនរាប់មិនអស់។ ដូច្នេះ
អ្នកត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីទទួលយកការបដិសេធទាំងនោះមកធ្វើជាមេរៀន
និងអភិវឌ្ឍន៍ខ្លួនអោយកាន់តែប្រសើរជាងមុន។ ពោល គឺមានន័យថា
អ្នកព្រមទទួលយកការបដិសេធពីអ្នកដទៃ តែមិនមែនមានន័យថា
អ្នកទទួលយកការបរាជ័យទៅលើគោលដៅ ដែលអ្នកចង់បានសម្រាប់ជីវិតនៅថ្ងៃអនាគតនោះឡើយ។
២. ថ្ងៃនេះអ្នកលំបាក ថ្ងៃស្អែកកាន់តែលំបាក តែថ្ងៃខានស្អែកអ្នកនឹងត្រចះត្រចង់៖
អ្វីដែលចាប់ផ្តើមពីដំបូង គឺសុទ្ធតែមានការលំបាកជានិច្ច
ហើយនៅថ្ងៃបន្តបន្ទាប់មកទៀតអ្នកនឹងនៅតែមានការងារកាន់តែច្រើនដែលអ្នកត្រូវតែទទួលខុសត្រូវ
និងបន្តមានភាពលំបាកដដែល។ ប៉ុន្តែ បើទោះបីជាវាលំបាកយ៉ាងណា
ក៏អ្នកមិនត្រូវបោះបង់វាចោលនោះដែរ ហើយអ្នកត្រូវតែចេះលើកទឹកចិត្តខ្លួនឯង
និងជឿជាក់ថាអ្នកអាចធ្វើបាន
ព្រោះភាពជោគជ័យកំពុងតែរង់ចាំអ្នកនៅខាងមុខជានិច្ច។ មានន័យថា
បើអ្នកទ្រាំលំបាកនៅថ្ងៃនេះ នោះថ្ងៃបន្ទាប់អ្នកនឹងមានសេចក្តីសុខ
តែផ្ទុយទៅវិញ បើអ្នកមិនព្រមទទួលយកការលំបាកថ្ងៃនេះទេ នោះថ្ងៃបន្ទាប់អ្នកនឹងកាន់តែលំបាក។
៣. រៀនពីដៃគូប្រកួតប្រជែង មិនមែនចម្លងទេ៖
ការចម្លងពីអ្នកដទៃ គឺដូចជាការសំលាប់ខ្លួនឯងដែរ
ព្រោះអ្នកកំពុងតែយកក្តីប្រាថ្នារបស់អ្នកដទៃមកអនុវត្តន៍
ដែលមិនមែនជាក្តីបំណងរបស់អ្នក។ ប៉ុន្តែ
អ្នកគួរតែរៀនសូត្រពីអ្នកទាំងនោះអោយបានច្រើនវិញ
និងរក្សាជំហររបស់អ្នកអោយនៅដដែល
ហើយព្រមទាំងធ្វើការប្រកួតប្រជែងដោយប្រើប្រាស់ប្រាជ្ញា ស្មារតី
មិនមែនកំលាំងនោះទេ។
៤. ទោះបីលំបាកយ៉ាងណា ត្រូវគិតដល់ក្តីសុបិនរបស់អ្នកជានិច្ច៖
ក្នុងគ្រាលំបាកខ្លាំង បុគ្គលបរាជ័យនឹងបំភ្លេចក្តីសុបិនរបស់ខ្លួន
ហើយព្រមទាំងបណ្តែតខ្លួនទៅតាមប្រេងវាសនា។ រីឯបុគ្គលជោគជ័យវិញ
គេនឹងយកក្តីសុបិនទាំងអស់នោះមកធ្វើជាគន្លឹះក្នុងការលើកទឹកចិត្តខ្លួនឯង
ដើម្បីបន្តជំហ៊ានទៅមុខទៀត
និងតស៊ូដើរស្វែងរកភាពជោគជ័យដែលកំពុងតែរង់ចាំពួកគេ។ ពោល គឺមានន័យថា
បុគ្គលជោគជ័យដាក់ក្តីសុបិននៅជាប់ខ្លួនជានិច្ច បើទោះជាមានពេលខ្លះលំបាក
ពេលខ្លះឈឺចាប់ ពេលខ្លះ ហត់នឿយនឹងភាពបរាជ័យយ៉ាងណាក៏ដោយ ព្រោះពួកគេយល់ឃើញថា
ក្តីសុបិន
ប្រៀបបានដូចជាថ្នាំទិព្វសម្រាប់ព្យាបាលរោគទាំងឡាយដែលពួកគេបានជួបអីញ្ចឹង។
៥. រៀនពីកំហុសអ្នកដទៃ៖
មនុស្សគ្រប់រូបសុទ្ធតែធ្លាប់បានធ្វើខុស
ហើយកំហុសរបស់ពួកគេក៏ជាមេរៀនដ៏ល្អសម្រាប់អ្នកយកមកពិចារណា
និងជៀសវាងកុំឲ្យធ្វើខុសម្តងទៀត។ ដូច្នេះ
អ្នកគួរតែរៀនសូត្រពីកំហុសរបស់បុគ្គលបរាជ័យ
ព្រោះពួកគេតែងតែចែករំលែកនូវបទពិសោធន៍បរាជ័យ ដែលសុទ្ធសឹងតែជាមេរៀនដ៏ល្អបំផុត
ដើម្បីជៀសវាងការមានកំហុសឆ្គងច្រើន មុនឈានទៅដល់ភាពជោគជ័យ។
៦. បើអ្នកមិនសាកល្បង ធ្វើម្តេចនឹងមានឳកាស៖
ពិតណាស់ឳកាសវាមិនដែលរត់ទៅរកមនុស្សខ្ជិលច្រអូសនោះទេ
ហើយវាក៏មិនរត់ទៅរកមនុស្សដែលតែងតែតវ៉ាប្រកែក មិនចង់សាកល្បងធ្វើនេះ ធ្វើនោះ
ផងដែរ។ ហើយមនុស្សប្រភេទនេះនឹងបាត់បង់ឳកាសជាច្រើន
ព្រមទាំងធ្វើឲ្យពួកគេស្តាយក្រោយសំរាប់ពេលវេលាដែលកន្លងហួសទៅថែមទៀតផង។
បើអ្នកមិនផ្លាស់ប្តូរខ្លួនឯងសាកល្បងធ្វើអ្វីមួយ ដែលថ្មីសម្រាប់អ្នក
ហើយព្យាយាមចាប់យកឳកាសអោយបានច្រើនទេ តើនរណាមួយដែលអាចជួយអ្នកបាន?
ដូច្នេះអ្នកគួរតែឈប់តវ៉ា ឈប់ភ័យខ្លាច ឈប់ខ្លាចខុស ឈប់ខ្លាចបរាជ័យទៀតទៅ
ហើយអ្នកគួរតែចាប់ផ្តើមធ្វើវាចាប់ពីពេលនេះតទៅ។ លើសពីទៀត អ្នកត្រូវគិតថា បើបរាជ័យនឹងក្លាយជាឳកាស បើខុសនឹងក្លាយជាមេរៀន ដើម្បីជាស្ពានឈានទៅរកគោលដៅដ៏ពិតប្រាកដរបស់អ្នក៕
No comments:
Post a Comment