ក្នុងបទសម្ភាសរបស់ Harvard Business Review (HBR) តែងនាំមកនូវវាគ្មិនដែលជាជនល្បីៗ មកបកស្រាយពីជីវិតជោគជ័យរបស់ពួកគេ ដោយក្នុងនោះក៏មានវត្តមានអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Condoleezza Rice ផងដែរ។ សូមតាមដានសេចក្ដីសង្ខេបបទសម្ភាសជាមួយជនល្បីៗចំនួន
១០ រូប ដើម្បីយកមកធ្វើជាចំណេះដឹងផ្ទាល់ខ្លួន។
១.
លោកស្រី Condoleezza
Rice
លោកស្រី
Rice ធ្លាប់ជាអ្នកផ្ដល់ប្រឹក្សាផ្នែកសន្តិសុខជាតិ និងជារដ្ឋមន្ត្រីការបរទេស
អំឡុងអាណត្តិលោក George
W. Bush ធ្វើជាប្រធានាធិបតីអាមេរិក។ HBR បានសួរទៅកាន់លោកស្រីថា តើរបៀបនៃការគ្រប់គ្រងរបស់លោកស្រីបានផ្លាស់ប្ដូរយ៉ាងណាដែរពី មួយឆ្នាំទៅមួយឆ្នាំ។ ឆ្លើយតបនឹងសំណួរនេះលោកស្រីគូសបញ្ជាក់ថា “ពីដំបូងខ្ញុំមិនដឹងថា
តើគួរបែងចែកតួនាទីដូចម្ដេចនោះទេ។ ខ្ញុំតែងតែធ្វើការងាររបស់អ្នកដទៃ។
ខ្ញុំបានរៀនដឹងថា អ្នកត្រូវប្រឹងប្រែងធ្វើបែបនេះឲ្យបានខ្លាំងក្លា ព្រោះមនុស្សល្អនឹងមិនធ្វើការឲ្យអ្នកក្នុងរយៈពេលវែងនោះទេ។”
២.
លោក Richard Serra
លោក Serra ត្រូវគេស្គាល់តាមរយៈការឆ្លាក់រូបចម្លាក់ធំៗពីដែក។ ឆ្លើយតបនឹងសំណួររបស់
HBR ថាតើលោកដោះស្រាយនឹងការរិះគន់ដូចម្ដេច
លោកបានលើកឡើងថា “ប្រសិនបើការរិះគន់នោះជាការរិះគន់ដើម្បីស្ថាបនា វាអនុលោមតាមនីតិវិធី
និងគោលបំណង អ្នកត្រូវទទួលយក។ ប៉ុន្តែបើសិនជាការរិះគន់នោះ
ជារឿងបុគ្គល អ្នកត្រូវយកវាមកពិចារណា
និងតាមដានឲ្យដឹងច្បាស់លាស់។”
៣.
លោកស្រី Jane Goodall
លោកស្រី
Goodall ជាអ្នកជំនាញសត្វស្វាឈីមផេនហ្ស៊ី ជើងចាស់និងជាសកម្មជនបរិស្ថាន។
ឆ្លើយតបនឹងសំណួរថា តើលោកស្រីបញ្ចុះបញ្ចូលអ្នកដទៃឲ្យផ្លាស់ប្ដូរដូចម្ដេច លោកស្រីបញ្ចេញចំណាប់អារម្មណ៍ថា ”ជាធម្មតាអ្នកមិនអាចផ្លាស់ប្ដូរចិត្តរបស់មនុស្សដោយសារភាពវៃ ឆ្លាតរបស់អ្នកនោះទេ។
អ្នកត្រូវស្វែងរកអ្វីដែលពួកគេចូលចិត្ត។ អ្នកអាចលើករឿងមួយឲ្យពួកគេគិត និងមិនត្រូវតទល់នឹងពួកគេខ្លាំងពេកទេ នោះពេលខ្លះមនុស្សដែលរឹងទទឹងបំផុតក៏អាចផ្លាស់ប្ដូរបានដែរ។”
៤.
លោក Mario Batali
លោក
Mario Batali គឺជាមេចុងភៅដ៏ល្បីម្នាក់របស់អាមេរិក។
តបនឹងសំណួរថា ត្រូវធ្វើយ៉ាងណាដើម្បីឲ្យមានតុល្យភាពរវាងរវាងគ្រួសារ និងការងារ លោក Batali និយាយថា “មិនថាស្ថិតនៅកាលៈទេសៈណាទេ ខ្ញុំទុកកូនៗ
និងគ្រួសារជាអាទិភាព បន្ទាប់មកគឺការងារក្នុងភោជនីយដ្ឋាន និងចុងក្រោយគឺកិច្ចការផ្សេងៗទៀត។ មនុស្សផ្សេងគ្នាផ្ដល់អាទិភាពលើរឿងផ្សេងគ្នាគឺអាស្រ័យទៅលើ ខ្លួនគេផ្ទាល់។
បើអ្នកស្រឡាញ់ការងារជាងគ្រួសារ អញ្ចឹងអ្នកត្រូវចំណាយពេលជាមួយការងារច្រើនជាងគ្រួសារទៅ។”
៥. លោក Joe Girardi
៥. លោក Joe Girardi
លោក
Joe Girardi គឺជាអ្នកគ្រប់គ្រងក្រុមបេសស្បល
New York Yankees។ ឆ្លើយតបនឹងសំណួរ តើលោកនឹងធ្វើយ៉ាងណាចំពោះក្រុមប្រសិនបើពួកគេលេងចាញ់។ លោកឆ្លើយតបថា “ក្នុងនាមជាក្រុមលេខមួយ អ្នកមិនត្រូវញាប់ញ័រនឹងអ្វីទាំងអស់។ អ្នកមិនត្រូវធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្ត និងធ្វើរឿងមិនល្អនោះទេ។ បុគ្គលិកលក្ខណៈរបស់អ្នកត្រូវរក្សាឲ្យនៅដដែល
មិនថា ឈ្នះ ឬចាញ់នោះទេ។ បើអ្នកគិតតែចង់ឈ្នះតែម៉្យាង នោះអ្នកនឹងទទួលបរាជ័យច្រើនជាងអ្វីដែលអ្នកស្ដីបន្ទោសដល់កូន ក្រុមទៅទៀត។”
៦.
លោក James Dyson
លោក
Dyson ជាអ្នកបង្កើតគំរូម៉ាស៊ីនបូមធូលីចំនួន
៥១២៧ គ្រឿង ដែលធ្វើឲ្យលោកក្លាយខ្លួនជាសេដ្ឋី។ លោកបានពន្យល់ពីភាពចចេសដែលជួយឲ្យលោកក្លាយជាអ្នកចេញម៉ូដ ម្នាក់។ “ខ្ញុំតែងងុបនឹងវត្ថុជុំវិញខ្លួន។
ខ្ញុំតែងសង្ឃឹមថា ពីមុនខ្ញុំត្រូវប្ដេជ្ញាឲ្យបានមុតមាំ ប៉ុន្តែដើម្បីឲ្យរឿងមួយអាចសម្រេចបានអ្នកត្រូវបោះបង់រឿងផ្សេង ទៀត។ បើទោះជាមិនមានមនុស្សពូកែៗធ្វើរឿងនេះ
តែខ្ញុំធ្វើ។ វាគឺជាគោលបំណងតែមួយដែលអ្នកចូលចិត្ត
ហើយត្រូវជម្នះឲ្យបាន។”
៧.
លោក Ben Bradlee
លោក
Bradlee ជានិពន្ធនាយកនៃកាសែត Washington Post ពីឆ្នាំ
១៩៦៨ ដល់ ១៩៩១ គឺជាពេលដែលកាសែតនេះឈ្នះពាន់រង្វាន់ Pulitzer ចំនួន ២៣ លើក។ ថ្ងៃមួយលោកបានឲ្យអ្នកយកព័ត៌មានពីរនាក់សរសេរអត្ថបទដ៏ធំ មួយ។ ការធ្វើបែបនេះធ្វើឲ្យអ្នកកាសែតជើងចាស់ជាច្រើនរូបមានការ ងឿងឆ្ងល់ជាខ្លាំង។
ពាក់ព័ន្ធនឹងចំណុចនេះលោកថា លោកបានធ្វើការវាយតម្លៃទៅលើពួកគេជារៀងរាល់ថ្ងៃ ហើយពីមួយថ្ងៃទៅមួយថ្ងៃឃើញថា
ពួកគេហាក់មានជំនឿចិត្តខ្ពស់។ ដូច្នេះ ហើយទើបលោកឲ្យពួកគេសាកល្បង។
លោកនិយាយទៅកាន់ពួកគេថា ធ្វើទៅវាជារឿងរបស់ពួកគេ។
ពេលវេលាផ្លាស់ប្ដូរដ៏ល្អគឺ នៅពេលដែលពួកគេនៅក្មេង។
៨.
លោកស្រី Annie
Lennox
លោកស្រី
Lennox ធ្លាប់លក់អាល់ប៊ុមចម្រៀងរបស់ខ្លួនដាច់អស់ជាង
៨០ លានអាល់ប៊ុម មានបទចម្រៀងជាច្រើនជាប់ជាបទចម្រៀងពេញនិយមបំផុត និងធ្លាប់ឈ្នះពានរង្វាន់
Grammy ចំនួន
៤ ដងទៀតផង។ លោកស្រីបានឆ្លើយនឹងសំណួរថា តើគួរត្រៀមខ្លួនបែបណាមុននឹងចាប់ផ្ដើមសម្ដែង។ លោកស្រីនិយាយដូច្នេះថា
“ការត្រៀមខ្លួនជារឿងដែលសំខាន់បំផុត។ អ្នកត្រូវហាត់សមដើម្បីឲ្យមានជំនឿចិត្តខ្ពស់នៅលើឆាក។ នៅពេលឡើងឆាកសម្ដែង
អ្នកត្រូវប្រាប់ខ្លួនឯងថា នេះជាការសម្ដែងចុងក្រោយ។ អ្នកត្រូវសម្ដែងដូចជាអ្នកមិនធ្លាប់សម្ដែងវាពីមុនមក និងគ្មានពេលអាចសម្ដែងវាម្ដងទៀត។”
៩.
លោក Oliver Sacks
លោក
Sack ជាសាស្ត្រាចារ្យផ្នែក ប្រសាទសាស្ត្រ
និងចិត្តសាស្ត្រនៃសាកលវិទ្យាល័យ Columbia ដែលធ្លាប់និពន្ធសៀវភៅវេជ្ជសាស្ត្រលក់ដាច់បំផុត។ លោកបាននិយាយប្រាប់
HBR ថា
លោកមិនមែនជាអ្នករូបវិទ្យា និងអ្នកនិទានរឿងទេ។
ប៉ុន្តែលោកគិតថា ចំណុចទាំងពីរពាក់ព័ន្ធគ្នា។
លោកបង្ហាញចំណាប់អារម្មណ៍ថា ”ការសរសេរជាវិធីមួយដ៏ល្អក្នុងការឆ្លុះបញ្ចាំងពីចំណេះដឹងដែល យើងមាន
និងប្រើប្រាស់វាជាថ្មី។”
១០.
លោក Manolo Blahnik
លោក
Blahnik អាចថា ជាអ្នករចនាម៉ូដស្បែកជើងដ៏ល្បីល្បាញបំផុតម្នាក់ក្នុងលោក។ បើទោះជា លោកមានភាពល្បីល្បាញបែបនេះតែលោកមិនពង្រីកក្រុមហ៊ុនរបស់លោកឲ្យ ធំនោះទេ។
ចំណុចនេះលោកបានពន្យល់ប្រាប់ HBR ថា ”ខ្ញុំមិនចូលចិត្តក្រុមហ៊ុនធំ ដែលមានការប្រជុំមិនចេះចប់មិនចេះហើយទេ។ ខ្ញុំមិនអាចធ្វើរឿងនេះបានទេ
ព្រោះខ្ញុំចាស់ហើយឥឡូវនេះ។ វាជាក្រុមហ៊ុនជាលក្ខណៈគ្រួសារដែលមាន
បងស្រី ក្មួយស្រីរបស់ខ្ញុំ
និងសាច់ញាតិមួយចំនួនទៀត។ ខ្ញុំរចនាម៉ូដស្បែកជើងទាំងអស់ដោយខ្លួនខ្ញុំ ហើយបើគ្មានពួកគេខ្ញុំក៏មិនអាចធ្វើវាបានដែរ។ ខ្ញុំមិនចង់ទទួលរងឥទ្ធិពលពីនរណាម្នាក់ឡើយ។”
No comments:
Post a Comment