មហាសេដ្ឋីរបស់ហុងកុងលោក
Li Ka Shing ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងទ្វីប អាស៊ី
ដែលលោកបានវិវត្តន៍ពីអ្នកលក់នាឡិកាតាមហាងតូចតាច ប្តូរទៅជាអ្នកលក់ផ្កាជ័រ
និងបានតស៊ូរហូតក្លាយទៅជាអ្នកគ្រប់គ្រងកំពង់ផែលំដាប់ពិភពលោក។ ខាងក្រោមនេះ
ពាណិជ្ជកម្ម
កម្ពុជានឹងធ្វើការបកស្រាយពីការប្រើប្រាស់ហិរញ្ញវត្ថុខ្លះរបស់មហាសេដ្ឋី
រូបនេះ តាមរយៈសម្តីប៉ុន្មានឃ្លាដែលលោកតែងលើកឡើងថា
“ទោះបីជាលោកអ្នករកប្រាក់បានប៉ុណ្ណាក៏ដោយ គឺលោកអ្នកត្រូវតែចែកជាវា ៥
ចំណែកអោយសមាមាត្រគ្នាជានិច្ច”។ តើលោកអ្នកចង់ដឹងទេថាលោក Li Ka Shing
បានបែងចែកប្រាក់ចំណូលរបស់ខ្លួនជាប្រាំចំណែកយ៉ាងដូចម្តេចខ្លះ?
ចំណែកទី១៖
គឺសម្រាប់ចំណាយលើថ្លៃរស់នៅប្រចាំថ្ងៃរបស់លោកអ្នក
ដែលលោកអ្នកអាចរស់នៅតាមបែបសាមញ្ញ អាចផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់
និងរក្សាសុខភាពបានល្អ ហើយមិនឡូយឆាយ មិនហ៊ឺហាលើសពីលទ្ធភាពដែលលោកអ្នកមាន។
ដូចដែលលោក Li Ka Shing បានលើកឡើងថា “លុយអាចចាយបាន តែមិនត្រូវចាយវាដោយខ្ជះខ្ជាយឡើយ”។
ចំណែកទី២៖
គឺសម្រាប់ទិញអាហារថ្ងៃត្រង់អោយមនុស្សដែលសំខាន់ជាងលោកអ្នក
ពោលគឺលោកអ្នកត្រូវចេះចំណាយលើនរណាម្នាក់ ដែលមានជាងលោកអ្នក ឆ្លាតជាងលោកអ្នក
និងអាចជួយដល់អាជីពរបស់លោកអ្នកបាន។
ព្រោះវាបង្កើតតំលៃដ៏ធំធេងណាស់សំរាប់លោកអ្នកនៅពេលដែលពួកគេទទួលស្គាល់ថា
លោកអ្នកជាមនុស្សល្អ និងមានចិត្តទូលាយ ពោលគឺមានន័យថា “ផ្តល់អោយគេច្រើន ដើម្បីទទួលបានមកវិញច្រើន”។
ចំនែកទី៣៖ គឺសម្រាប់ការរៀនសូត្រតាមរយៈការទិញសៀវភៅ
យកមកសិក្សាពីមេរៀន និងយុទ្ធសាស្រ្តល្អៗ
ហើយព្យាយាមបង្ហាញអ្វីដែលលោកអ្នកបានរៀនទៅកាន់អ្នកដទៃដោយប្រើពាក្យពេចន៍ខ្លួនឯង
ដើម្បីបង្កើនភាពជឿជាក់ និងចេះភ្ជាប់ចំណេះដឹងទៅនឹងព្រឹត្តិការណ៍ជាក់ស្តែង។
ដូចដែលលោកបានលើកឡើងថា “ចំណេះដឹងនឹងផ្លាស់ប្តូរជោគវាសនារបស់អ្នក”។
ចំនែកទី៤៖ គឺសម្រាប់ការសំរាកលំហែកាយ និងការកម្សាន្ត
ដែលជាការផ្តល់រង្វាន់ដល់ការខិតខំរបស់ខ្លួន
ដើម្បីទុកពេលអោយអ្នកបញ្ចូលថាមពលឡើងវិញ
ព្រោះវាជាកំលាំងដ៏អស្ចារ្យដែលអាចអោយលោកអ្នកបន្តខិតខំបំពេញក្តីសុបិនតទៅមុខទៀត។
ពោលមានន័យថា វាជាឧ៝កាសអាចអោយលោកអ្នកបានពង្រីកចក្ខុវិស័យ ដែលលោកអ្នកកំពុងធ្វើ និងបន្តទៅមុខប្រកបដោយសេ្ថរភាព។
ចំនែកទី៥៖ គឺសម្រាប់វិនិយោគ
ដោយលោកអ្នកអាចសន្សំមូលធនសំរាប់អាជីវកម្មតូចមួយ ដើម្បីទាញយកបទពិសោធន៍ថ្មីៗ
និងទទួលបាននូវសេចក្តីទុកចិត្ត និងភាពក្លាហាន
មុនលោកអ្នកអាចចាប់ផ្តើមវិនិយោគរយៈពេលវែង។ ព្រោះអាជីវកម្មតូចតាចទាំងនោះហើយ
ដែលវាអាចបង្រៀនអោយលោកអ្នកចេះពីមូលដ្ឋាននៃការលក់ ដូចការលើកឡើងរបស់លោក Li Ka
Shing ថា សហគ្រិនជោគជ័យជាបុគ្គលដែលពូកែលក់ក្តីសុបិន និងចក្ខុវិស័យរបស់ពួកគេ។ ដូច្នេះលោកអ្នកត្រូវតែចេះរកលុយ និងប្រើវានៅពេលមានឳកាសទើបវាមានន័យ៕
No comments:
Post a Comment