Saturday, July 25, 2015
លោក Robert Kiyosaki “បើចង់មាន កុំដេកចាំឳកាស
លោក Robert Kiyosaki ជាអ្នកនិពន្ធសៀវភៅ Rich Dad Poor Dad ដែលជាសៀវភៅលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក និងនៅតាមបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។ លោក RoBert មានប្រវត្តិតស៊ូដំបូងដោយការចាប់ផ្តើមបើកអាជីវកម្មជាអ្នកលក់កាបូប។ ប៉ុន្តែអាជីវកម្មលើកដំបូងរបស់លោកត្រូវបានដួលរលំ ហើយលោកក៏មិនបានបោះបង់ចោលគំនិតជាអ្នករកស៊ីទៅវិញដែរ គឺលោកនៅតែបន្តធ្វើវាដោយដូរពីអ្នកលក់កាបូប ទៅជាអ្នកលក់អាវយឺតវិញម្តង។ ក្រោយមកទៀតលោក Robert Kiyosaki ក៏បានចាប់ផ្តើមបើកក្រុមហ៊ុន Cashflow Technologies Inc និងបន្តពង្រីកវិនិយោគទៅលើមុខជំនួញធំៗជាច្រើនទៀតបានយ៉ាងជោគជ័យ។ ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជា នឹងធ្វើការបកស្រាយលើផ្នត់គំនិតមួយចំនួនរបស់លោក Robert Kiyosaki ថាតើលោកមានបទពិសោធន៍ជីវិតបែបណាខ្លះមុនទទួលបាននូវភាពជោគជ័យ៖
១. បើចង់មាន កុំដេកចាំឳកាស៖ មានមនុស្សច្រើនណាស់ដែលបានត្រឹមតែចង់ក្លាយជាអ្នកមាន តែមិនបានធ្វើអ្វីទាល់តែសោះក្នុងការសម្រេចក្តីបំណងរបស់ពួកគេ ឬថែមទាំងបានបោះបង់ចោលក្តីស្រមៃទៅវិញត្រឹមពាក់កណ្តាលផ្លូវទៀតផង។ ពួកគេសុទ្ធតែកំពុងរង់ចាំពេលវេលាដ៏សមស្រប ឬដេកចាំឳកាសធ្លាក់មកដល់ ដើម្បីចាប់ផ្តើមក្តីស្រមៃរបស់ពួកគេ តែវាយូរណាស់សឹងតែមិនអាចកើតឡើងផងក៏ថាបាន។ បើលោកអ្នកចង់មានសេរីភាពខាងផ្នែកហិរញ្ញវត្ថុ លោកអ្នកត្រូវចាប់ផ្តើមរៀនសូត្រពីវា ហើយចាប់ផ្តើមធ្វើវាដោយមិនរង់ចាំតទៅទៀតឡើយ។ លោកអ្នកគួរតែដឹងថា នៅសាលារៀនលោកអ្នករៀនពីរបៀបធ្វើការដើម្បីលុយ មិនមែនរៀនប្រើលុយអោយធ្វើការដើម្បីលោកអ្នកនោះទេ។ ដូច្នោះហើយ បើសិនជាលោកអ្នកចង់មានសេរីភាពខាងផ្នែកហិរញ្ញវត្ថុ លោកអ្នកគួរតែរៀនពីបុគ្គលដែលធ្លាប់មានសេរីភាពខាងផ្នែកហិរញ្ញវត្ថុ ព្រោះអ្នកមានមិនមែនរកការងារដើម្បីធ្វើនោះទេ គឺគេបង្កើតការងារឲ្យលុយជាអ្នកធ្វើ។
២. គេចពីបរាជ័យ គឺគេចពីជោគជ័យ៖ គ្មាននរណាម្នាក់ចង់ជួបនូវភាពបរាជ័យនោះទេ ហើយលើសពីនេះទៅទៀត ពួកគេថែមទាំងប៉ងប្រាថ្នាថានឹងអាចទទួលបាននូវភាពជោគជ័យដោយមិនជួបឧបសគ្គ ឬភាពបរាជ័យថែមទៀតផង។ ដោយសារតែខ្លាចនូវភាពបរាជ័យនេះហើយ ទើបបានជាមមនុស្សជាច្រើនមិនបានចាប់ផ្តើមដើរតាមក្តីសុបិនរបស់ពួកគេ។ ពោល គឺពួកគេព្យាយាមគេចវេសពីវាជានិច្ច ព្រោះពួកគេខ្លាចធ្វើទៅ វាបរាជ័យ ខ្លាចអាម៉ាស់មុខ ខ្លាចអ្នកដទៃរិះគន់ និងមិនហ៊ានទទួលយកការពិតទាំងអស់អំពីវា។ ប៉ុន្តែលោកអ្នកត្រូវចងចាំថា គ្មាននរណាម្នាក់អាចទទួលភាពជោគជ័យបានទេ បើពួកគេនៅតែបន្តព្យាយាមគេចវេស មិនព្រមទទួលយកភាពបរាជ័យ។ ទទួលយកភាពបរាជ័យ មិនមែនមានន័យថា លោកអ្នកសុទ្ធតែត្រូវជួបការបរាជ័យនោះទេ គឺវាមានន័យថា លោកអ្នកត្រូវតែហ៊ានសម្រេចចិត្តធ្វើ បើបរាជ័យក៏មិនខ្លាច តែបើជោគជ័យក៏កាន់តែល្អ។
ពាក្យថា “មិនអាច” ពិតជាមានឥទ្ធិពលខ្លាំងណាស់សំរាប់បុគ្គលមួយចំនួន ព្រោះវាជាពាក្យរិះគន់ ដែលអាចជំរុញទឹកចិត្តលោកអ្នកឲ្យចេះតស៊ូដល់ទីបញ្ចប់។ ដូច្នេះលោកអ្នកគប្បីហ្វឹកហាត់ពង្រឹងផ្លូវចិត្តរបស់លោកអ្នកឲ្យបាន ព្រោះវាជាទ្រព្យដែលមានជាប់នឹងខ្លួនរបស់លោកអ្នកជានិច្ច ហើយធ្វើយ៉ាងណាត្រូវជឿជាក់លើសមត្ថភាពដែលខ្លួនមាន និងមានភាពក្លាហានក្នុងការទទួលយកភាពបរាជ័យមកធ្វើជាមេរៀន ដើម្បីជាកម្លាំងឆ្ពោះទៅរកជោគជ័យ។
៣. ជោគជ័យធំ ឬតូច អាស្រ័យលើអ្នក៖ គ្មាននរណាម្នាក់អាចកំណត់វិសាលភាពនៃភាពជោគជ័យរបស់លោកអ្នកបាននោះទេ គឺវាអាស្រ័យនឹងទំហំនៃក្តីសុបិនរបស់លោកអ្នក បើលោកអ្នកប៉ងកាន់តែធំ នោះភាគជោគជ័យរបស់លោកអ្នកទទួលបានក៏កាន់តែធំដូចគ្នាដែរ។ បើលោកអ្នកធ្វើបានដល់ចំនុចមួយ ដែលលោកអ្នកគិតថាទទួលបានជោគជ័យហើយ នោះលោកអ្នកគួរតែបន្តធ្វើអោយលើសពីពាក្យថាល្អបំផុតទៅតាលលទ្ធភាពដែលអាចធ្វើបាន។ ពោល គឺបន្តពង្រីកក្តីសុបិនរបស់លោកអ្នកអោយបានកាន់តែធំទៅមុខជានិច្ច នោះភាពជោគជ័យរបស់លោកអ្នកចូលមកក៏កាន់តែធំផងដែរ។
យ៉ាងណាមិញលោកអ្នកត្រូវតែចាំថា ភាពជោគជ័យរបស់លោកអ្នកនៅមានចំណងពាក់ព័ន្ធជាច្រើនទៀតត្រូវចូលរួមជាមួយលោកអ្នក។ ដូច្នេះលោកអ្នកត្រូវតែជ្រើសរើសចំណងដៃគូរពាក់ព័ន្ធទាំងឡាយណា ដែលល្អបំផុតក្នុងការជួយបំពេញបំណងរបស់លោកអ្នក។ ហើយលោកអ្នកត្រូវតែចាំថា ការពឹងពាក់អ្នកដទៃមិនដូចជាពឹងពាក់លើសម្ថតភាពខ្លួនឯងទេ ម្លោះហើយបើមានការបរាជ័យចេញពីដៃគូណាម្នាក់ គឺលោកអ្នកត្រូវតែព្យាយាមរកដៃគូថ្មីមកជំនួសឲ្យបាន មិនត្រូវបោះបង់ចោលក្តីសុបិនរបស់លោកអ្នកទេ ព្រោះក្តីសុបិនជាប្រព័ន្ធដែលមានទំហំធំណាស់ បើដួលមួយ មិនមែនមានន័យថា ដួលទាំងអស់នោះទេ៕
Labels:
Successfully study
Subscribe to:
Post Comments (Atom)
No comments:
Post a Comment